ស្របពេលបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ កាន់តែផុយស្រួច ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបង្ហោះសារលើហ្វេសប៊ុកថា លោកបានជជែកគ្នាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ហើយលោកបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ម៉ាឡេស៊ី ដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសន្ដិភាពនៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្តថា ប្រធានាធិបតីសហរដ្ឋអាមេរិកបានទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ី ដើម្បីសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ហើយបានចាត់ទុកថា វាជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលបង្ហាញពីភាពរឹងមាំរបស់អាស៊ាននិងអធិបតេយ្យភាពរបស់ម៉ាឡេស៊ី។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែកញ្ញានោះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានលើកឡើងពីការចូលរួមរបស់សហរដ្ឋអាមេរិក ដែលកំពុងដើរតួនាទីក្នុងការធានាឱ្យបទឈប់បាញ់របស់កម្ពុជា-ថៃ ត្រូវបានអនុវត្តឱ្យបានជោគជ័យ ហើយលោកសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលា ខាងមុខ ដើម្បីឱ្យជំរុញកិច្ចសហប្របត្តិការសម្រាប់ស្ថិរភាពនិងសន្ដិភាពនៅក្នុងតំបន់បន្ថែមទៀត។
កិច្ចសន្ទនារបស់មេដឹកនាំអាស៊ាននិងប្រធានាធិបតីសហរដ្ឋអាមេរិកនេះ បានកើតឡើងស្របពេលកងទ័ពថៃ បន្តធ្វើសកម្មភាពបង្កហេតុនៅតាមព្រំដែន ដើម្បីយកលេសផ្ទុះអាវុធជាមួយកងទ័ពកម្ពុជាជាថ្មី រាប់ចាប់តាំងពីការចល័តទ័ពដើររាយបន្លាលួសតាមព្រំដែន ការបាញ់គ្រាប់ជំពាមកូនឃ្លីមកលើទីតាំងកងទ័ពកម្ពុជា ការបណ្ដេញពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យចេញពីផ្ទះសម្បែង និងចុងក្រោយនេះ កងទ័ពថៃបានបាញ់កាំភ្លើងធន់តូចនៅក្នុងទឹកដីខ្លួនដើម្បីញុះឱ្យកងទ័ពកម្ពុជាផ្ទុះអាវុធ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ចាប់តាំងពីម៉ោង២ទាបភ្លឺរហូតដល់ម៉ោង៥ល្ងាចថ្ងៃទី ២៥ ខែកញ្ញា ទាហានថៃបានកាំភ្លើងជិត៤០គ្រាប់ក្នុងទឹកដីរបស់ខ្លួន ដែលស្ថិតនៅទល់ជាមួយកងទ័ពកម្ពុជា ដើម្បីបង្កហេតុ និងជាសកម្មភាពរំលោភលើបទឈប់បាញ់គ្នា។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូលោក គឹម សុខ បានមើលឃើញថា មូលហេតុដែលថៃបានចិត្តមិនញញើតឈ្លានពានទឹកដីកម្ពុជា ដោយសារនៅពេលនេះ ចិនបានលូកដៃកាន់តែជ្រៅក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្មជាមួយថៃ និងការធ្វើសមយុទ្ធយោធាជាមួយថៃ ដែលធ្វើឱ្យសហរដ្ឋអាមេរិកត្រូវយកចិត្តថៃដើម្បីទប់ទល់ជាមួយចិនវិញ។ លោកបានបន្តថា ម្យ៉ាងវិញទៀត ដោយសាររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនយកកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសមកប្រើ ទើបធ្វើឱ្យជម្លោះព្រំដែនជាមួយថៃពិបាកដោះស្រាយ។
ទាល់តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ទើបសហរដ្ឋអាមេរិក និងប្រធានអាស៊ានស្រួលធ្វើការងារ មានន័យថា បញ្ហាដែលថៃឈ្លានពាននេះ មិនមែនជាគ្រាន់តែភារកិច្ចជួយដោះស្រាយរបស់សហរដ្ឋអាមេរិក និងប្រធានអាស៊ានប៉ុណ្ណឹងទេ។ ប៉ុន្តែនៅពេលប្រើកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ក៏វាកម្លាំងសង្កត់ជាអន្តរជាតិលើថៃ ឱ្យឈប់ឈ្លានពានលើកម្ពុជា នោះទើបមានឥទ្ធិពល។
— លោក គឹម សុខ
ការបង្កហេតុជាបន្តបន្ទាប់ពីកងទ័ពថៃ បានកើតឡើងស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់លិខិតទៅមេដឹកនាំអាស៊ាន ចិន បារាំង អាមេរិក និងអង្គការសហប្រជាជាតិស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ ខណៈលោកបានលើកឡើងថា កងទ័ពថៃត្រៀមបើកការវាយប្រហារដណ្ដើមយកទីតាំងកម្ពុជាចំនួន១៧ផ្សេងទៀត ចាប់ពីខេត្តកោះកុងដល់ខេត្តពោធិ៍សាត់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីរបស់ថៃលោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul)ស្នើឱ្យបញ្ឈប់ភាពតានតឹងតាមព្រំដែនជាមួយកម្ពុជា និងត្រូវដោះស្រាយបញ្ហាព្រំដែនតាមតុចរចា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។